• ភាសាខ្មែរ
  • English

នៅក្នុង​ប្រទេស​កម្ពុជា គ្រឹះស្ថាន​ផ្តល់​សេវា​សុខភាព​គ្រប់ ជ្រុងជ្រោយ​និង​មាន​គុណភាព​សម្រាប់​ក្រុម​ស្ត្រី​ងាយ​រង គ្រោះ ឬ​ស្ថិតក្នុង​ស្ថានភាព​លំបាក​ដូចជា​កម្មករ​រោងចក្រ នៅមាន​ចំនួន​កំណត់​នៅឡើយ​។ ក្រសួងសុខាភិបាល បានដាក់​ឲ្យ​ដំណើរការ​នូវ​គ្លីនិក​សុខភាព​គ្រួសារ​ដែល ផ្តោតលើ​ការផ្តល់សេវា​សម្រាប់​ក្រុម​ស្ត្រី​ធ្វើការ​នៅ​សេវា កម្សាន្ត និង​យកចិត្តទុកដាក់​ជាសំខាន់​ទៅលើ​សេវា ជំងឺ​កាមរោគ និង​សេវា​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍ ប៉ុណ្ណោះ​។​

​គោលបំណង
​កម្មវិធី​នេះ​មាន​គោលបំណង​បំពេញតម្រូវការ​សុខភាព​របស់​កម្មករ​រោងចក្រ តាមរយៈ​ការផ្តល់សេវា​រួមបញ្ចូល​គ្នា រវាង​សេវា​សុខភាព​ផ្លូវភេទ និង​បន្ត​ពូជ ជាមួយនឹង​សេវា​ទាក់ទង​នឹង​មេរោគ​អេដស៍ សម្រាប់​កម្មករ​រោងចក្រ នៅ​គ្លីនិក​រ៉ា​ក់​។ លើសពីនេះទៅទៀត អង្គការ​រ៉ា​ក់មាន​គោលបំណង​កសាង​សមត្ថភាព​បុគ្គលិក​ពេទ្យ​រោងចក្រ ក្នុង​ការផ្តល់សេវា​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្ត​ពូជ​សំខាន់ៗ​មួយចំនួន នៅតាម​រោងចក្រ​របស់​ពួកគេ​។​
​សកម្មភាព​
​ជាច្រើន​ឆ្នាំកន្លងមក អង្គការ​រ៉ា​ក់ បាន​បង្កើត​ទំនាក់ទំនង​ការងារ​ល្អប្រសើរ​ជាមួយនឹង​ថ្នាក់ដឹកនាំ​ក៏ដូចជា​បុគ្គលិក ក្នុង​រោងចក្រ​ចំនួន​ជាង ៥០ ដែល​គ្របដណ្តប់​លើ​កម្មករ​យ៉ាងហោចណាស់ ១០០.០០០​នាក់​។ យើង​បាន​ប្រើប្រាស់ ទំនាក់ទំនង​ដ៏​ល្អ​នេះ​ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​សេវា សុខភាព​របស់​កម្មក​រ​រោងចក្រ​នៅ​គ្លីនិក​រ៉ា​ក់​។ សកម្មភាព សំខាន់ៗ​របស់​យើង​នៅតាម​រោងចក្រ​និ​មួយៗ​មានដូចជា​៖ ការអប់រំ​ផ្លាស់ប្តូរ​ឥរិយាបថ តាមរយៈ​មិត្ត​អប់រំ​មិត្ត ការអប់រំ​ជា​ក្រុម ការសម្តែង​លើ​ឆាក ពិ​ពណ៌​សុខភាព និង​ការ​ចែកចាយ​សម្ភារៈ​អប់រំ​។ កម្មវិធី​នេះ​បាន​លើកកម្ពស់ ការប្រើប្រាស់​សេវា​សុខភាព​របស់​កម្មករ​រោងចក្រ​នៅ​គ្លីនិក​រ៉ា​ក់​តាមរយៈ​ការបង្កើត​ប្រព័ន្ធ​បញ្ជូន និង​ប័ណ្ណ​សុខភាព​។ ក្នុង​ឆ្នាំ ២០១៥ អង្គការ​រ៉ា​ក់​អនុវត្ត​គម្រោង​នេះ នៅតាម​រោងចក្រ​ចំនួន ៣០ នៅក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ស្ពឺ​។​