• ភាសាខ្មែរ
  • English

ក្នុង​ឆ្នាំ ២០១៥ សមិទ្ធិផល​នៃ​ការធ្វើផែនការ​គ្រួសារ របស់​ប្រទេស​កម្ពុជា ស្ថិតនៅ​ពីក្រោយ​គោលដៅ​អភិវឌ្ឍ​សហសវត្ស​ប្រហែល ៦០%  ។ លទ្ធផល​នេះ អំពាវនាវ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ​នូវ ​ឧបសគ្គនានា តាមរយៈ​ការបង្កើន​ការយល់ដឹង​និង​ការប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត ជាពិសេស​មធ្យោបាយ​រយៈ​ពេល​វែង​។ ទន្ទឹមនឹង​នេះដែរ ជំងឺរបេង​នៅតែ​ជា​ក្តីបារម្ភ​សម្រាប់​សុខភាព​សាធារណៈ និង​នៅតែ​ជា​បញ្ហា​អាទិភាព​សម្រាប់​ក្រសួងសុខាភិបាល ទោះបីជា​បច្ចុប្បន្ននេះ អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​ពី​ការថយចុះ​នៃ​ករណី​ជំងឺរបេង​នៅ ក្នុង​បណ្តា​ប្រទេស​ក្រីក្រ​ដែលមាន​បន្ទុក​ជំងឺរបេង​ខ្ពស់ ដែល​ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ​។​

គោលបំណង
​ដើម្បី​ចូលរួម​ដោះស្រាយ​ក្តីកង្វល់​ខាងលើ អង្គការ​រ៉ា​ក់បាន​ផ្តោតទៅលើ​ការមិន​ជួប​តម្រូវការ​មធ្យោបាយ​ពន្យារកំណើត (Unmet need) ក្នុងចំណោម​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ អាយុ​ពី ១៥ ទៅ ៤៩​ឆ្នាំ ជាពិសេស​បង្កើន​ការប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​រយៈពេល​វែង​ក្នុង ចំណោម​ពួកគេ​។ យើង​ក៏បាន​រួមចំណែក​កាត់បន្ថយ​នៃ​អត្រា​នៃ​ការឈឺ និង​ការស្លាប់ ដោយសារ​ជំងឺរបេង នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ តាមរយៈ​ការលើកកម្ពស់​ការយល់​ដឹង​ស្តីពី​ជំងឺរបេង និង​ការធ្វើឱ្យ​កាន់តែ​ងាយស្រួល​ក្នុងការ​ទទួល​សេវា​ធ្វើ​រោគវិនិច្ឆ័យ​មេរោគ​របេង បង្កើន​ការរុករក និង​ការព្យាបាល​ជំងឺរបេង​ទាន់ពេលវេលា ក្នុងចំណោម​ក្រុម​ប្រឈមមុខ​ខ្ពស់​ដូចជា​៖ មនុស្ស​ចាស់ អ្នក​ជិតស្និទ្ធ​ជាមួយ​អ្នក​ជំងឺរបេង អ្នកជំងឺ​ទឹកនោមផ្អែម និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាដើម​។​

​សកម្មភាព
​កម្មវិធី​របស់​យើង​មាន​ពីរ​គម្រោង​សំខាន់ៗ​គឺ​៖ (១) ការពង្រឹង​កម្មវិធី​ព​ន្យា​រ​កំណើត​ក្នុង​វិស័យ​សាធារណៈ​ដែល​គាំទ្រ​ដោយ មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) (២) ការពង្រឹង​កម្មវិធីរ​បេង​ក្នុង​វិស័យ​សាធារណៈ​ដែល​គាំទ្រ​ដោយ​មូលនិធិ​សកល (GF)​។ កម្មវិធី​នេះ​ធ្វើ​សកម្មភាព​លើកកម្ពស់​សុខភាព​សហ​គម​ន៍​តាមរយៈ​ការកសាង​ទំនាក់ ទំនង​រវាង​មណ្ឌល​សុខភាព​របស់​រដ្ឋ និង​សហគមន៍ ដែល​រួមមាន​អ្នកភូមិ អ្នកស្ម័គ្រចិត្ត​ភូមិ និង​អាជ្ញាធរ​មូលដ្ឋាន​។ អង្គការ​រ៉ា​ក់មាន​បទពិសោធន៍​ជា​យូរ​មកហើយ ក្នុងការ​ពង្រឹងសមត្ថភាព​លើ​វិស័យ​សុខាភិបាល​សាធារណៈ និង​ការគៀងគ​សហគមន៍​ឲ្យ​មកប្រើប្រាស់​វិស័យ​សុខាភិបាល​សាធារណៈ​។​

​សកម្មភាព​សំខាន់ៗ​របស់​យើង​មានដូចជា ការបង្កើន​ការយល់ដឹង និង​ដោះស្រាយ​ការយល់ច្រឡំ​របស់​សហ​គម​ន៍​ទៅលើ​ការពន្យារ​កំណើត ក៏ដូចជា​ការពង្រឹង​ជំនាញ​របស់​ឆ្មប​មណ្ឌល​សុខភាព​លើ​ការផ្តល់​ប្រឹក្សា និង​ការផ្តល់សេវា​ពន្យារកំណើត​។ ដោយមាន​ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក និង​ស្រុក​ប្រតិបត្តិ អង្គការ​រ៉ា​ក់​បន្ត​អនុវត្ត​ការ​ចែកចាយ​មធ្យោបាយ​ពន្យារកំណើត​តាម​សហគមន៍ និង ប័ណ្ណ​ពន្យារកំណើត (Voucher) ដើម្បី​ធ្វើ​ឲ្យ​សហគមន៍​មាន​ភាពងាយស្រួល​ក្នុង​ការទទួល​សេវា​ពន្យារកំណើត ជាពិសេស​កង​ដាក់​ក្នុង​ស្បូន តាមរយៈ​ភ្នាក់ងារចែកចាយ​មធ្យោបាយ​ពន្យារកំណើត​តាម​សហគមន៍ (CBD) ទាំង ៦៨០ នាក់ ក្នុងស្រុក​ប្រតិបត្តិ​ចំនួន​៥ (​ដូន​កែវ អង្គរកា បាទី គី​រី​វង្ស និង​ព្រៃកប្បាស​) នៅក្នុង​ខេត្តតាកែវ ។​

​លើសពីនេះ​ទៀត យើង​បានធ្វើការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺរបេង​តាមរយៈ​កិច្ច​អន្តរាគមន៍​គន្លឹះៗ  ដែល​រួមមាន​សកម្មភាព​បង្កើន​ការរុករក​ករណី​ជំងឺរបេង តាមរយៈ​ការអប់រំ​ជា​ក្រុម​នៅតាម​ភូមិ និង​វត្ត​អារាម ការបញ្ជូន​ករណី​សង្ស័យ​របេង ជាពិសេស​ក្រុម​ប្រឈមមុខ​ខ្ពស់ និង​ការអនុវត្ត​ដូ​ត​សហគមន៍ (CDOTS) ។ បច្ចុប្បន្ន អង្គការ​រ៉ា​ក់​កំពុង​អនុវត្ត​កម្មវិធី​របេង​របស់ខ្លួន នៅក្នុង​ស្រុក​ប្រតិបត្តិ​ចំនួន​ប្រាំបួន (​មេមត់ ក្រូចឆ្មា កំពង់ឆ្នាំង បរិបូរ​ណ៌ កំពង់ត្រឡាច បារាយណ៍​-​សន្ទុក កំពង់ធំ ស្ទោង និង​សូត្រ​និគម​) នៅក្នុង​ខេត្ត​ចំនួន​បួន (​ខេត្ត​ត្បូងឃ្មុំ កំពង់ធំ  កំពង់ឆ្នាំង និង​សៀមរាប​)​។​